ភាគច្រើននៅពេលដែលយើងចង់ចាប់ផ្ដើមរៀនលេងតន្ត្រី យើងតែងតែព្យាយាមរកទិញឧបករណ៍តន្ត្រីដែលមានតម្លៃថោក ព្រោះយើងគិតថាធ្វើដូចនេះយើងអាចសន្សំថវិកាបាន។

ប៉ុន្តែ… ធ្វើអញ្ចឹងពិតជាល្អសម្រាប់អ្នកមែនអត់?

ស្របពេលដែលវាប្រហែលជាល្អសម្រាប់អ្នក (បើសិនជាយើងនិយាយពីរឿងថវិកា) ប៉ុន្តែវាក៍មានចំនុចមិនល្អមួយចំនួនផងដែរ។ តោះនាំគ្នាងាកមើលពី សារ:សំខាន់របស់ គុណភាពឧបករណ៍តន្ត្រី

 

Fender

 

-វត្ថុធាតុដើម៖ ឧបករណ៍តន្ត្រីដែលមានតម្លៃថោក ប្រាកដជាមានការធ្វើឡើងដោយវត្ថុធាតុដើមដែលមិនសូវមានគុណភាព (ព្រោះវត្ថុធាតុដើមដែលមានគុណភាពមិនមែនមានតម្លៃថោកទេ បើសិនជាមានមែន អញ្ចឹងអ្នកលក់ធ្វើយ៉ាងម៉េចចំនេញ?)។ នៅពេលដែលយើងនិយាយបែបនេះ ប្រាកដជាមានមិតិយោបល់យល់ថា បើទោះជាវត្ថុធាតុដើមមានគុណភាពមិនល្អក៍លេងចេញជាភ្លេងដែរ។ ការយល់ឃើញនេះមិនខុសឡើយ ប៉ុន្តែវានឹងពិបាកលេងជាងឧបករណ៍ដែលមានគុណភាពខ្ពស់។ ឧទាហរណ៍ដូចជាហ្គីតា សម្រាប់ហ្គីតាដែលមានគុណភាពមិនល្អ វានឹងឆាប់ខូចខាត ហើយអ្នកនឹងទទួលរងនៅការឈឺដៃខ្លាំងដោយសារ ខ្សែ និង ខ្ទង់ហ្គីតាខ្ពស់ពេកជាដើម។

-គុណភាពសម្លេង៖ ប្រាកដណាស់! គុណភាពសម្លេងរវាងឧបករណ៍ដែលមានគុណភាពល្អ និងឧបករណ៍ដែលមានគុណភាពមិនល្អ ប្រាកដជាមានគុណភាពមិនដូចគ្នាទេ ហើយនេះក៍ដោយសារតែសម្ភារ:ដែលផ្សំផ្គុំឡើងរវាងឧបករណ៍ទាំងពីរប្រភេទនេះដែរ។ ដូច្នេះ បើសិនជាអ្នកទើបតែចាប់ផ្ដើមរៀនលេងភ្លេង ហើយអ្នកចង់សាកល្បងលេងបទចម្រៀងរបស់តារាចម្រៀងដែលអ្នកចូលចិត្ត លទ្ធផលនោះគឺ អ្នកអាចនឹងមិនសប្បាយចិត្តជាមួយអ្វីដែលអ្នកនឹងទទួលបាននោះទេ ដោយសារតែជាធម្មតា ក្នុងនាមជាតារាចម្រៀង គេប្រើប្រាស់ឧបករណ៍ដែលមានលំដាប់ខ្ពស់។

-ថវិកា៖ ត្រូវហើយ! ចំនុចនេះធ្លាប់តែជាចំនុចវិជ្ជមានសម្រាប់ឧបករណ៍ដែលមិនមែននៅក្នុងថ្នាក់លំដាប់ល្អ។ នេះក៍ដោយសារតែ ឧបករណ៍ដែលមិនមានគុណភាពល្អច្រើនតែឆាប់ខូចខាត ដោយសារតែវាត្រូវបានគេផ្សំផ្គុំឡើងដោយវត្ថុធាតុដើមមិនសូវល្អ (អញ្ចឹងអ្នកអាចនឹងត្រូវចំណាយថវិកាលើការជួសជល់ឧបករណ៍មួយនោះរហូត ហើយអ្នកក៍ប្រហែលជាត្រូវចំណាយថវិកាជួសជល់ច្រើនជាងពេលដែលអ្នកចំណាយទិញវាផង)។ ក្នុងករណីដែលវាទទួលបានការខូចខាតខ្លាំង រហូតដល់ថ្នាក់ជួសជល់លែងកើត ឬក៍អ្នកចាប់ផ្ដើមគិតថាអ្នកចំណាយថវិកាលើការជួសជល់ច្រើនពេក ហើយអ្នកចង់ចាប់ផ្ដើមទិញឧបករណ៍ដែលមានគុណភាពល្អវិញ អញ្ចឹងមានន័យថាអ្នកចំណាយថវិកាពីរដងលើឧបករណ៍តន្ត្រីដូចគ្នាហើយ។

ដូូចនេះ អ្នកគួរតែរកឧបករណ៍គុណភាពល្អ ដែលអ្នកអាចទិញបានហើយត្រូវជាមួយកម្រិតរបស់អ្នក។


ពេល​ដែល​ចង់​រៀន​ភ្លេង អ្វីដែល​យើង​គិត​ឃើញ​មុន​គេ​គឺ​បើក​យូធូប​មើល​ហើយ​រៀន​លេង​ភ្លេង​តាម​គេ​។ ធ្វើ​អញ្ចឹង​ស្រួល​ហើយ​អត់​អស់​លុយ​ច្រើន​ទៀត គ្រាន់​តែ​ទៅ​ទិញ​ឧបករណ៍​ភ្លេង​ដែល​យើង​ចង់​ចេះ​មក​ចប់​ហើយ​។

ប៉ុន្តែច្បាស់អត់ថាជម្រើសហ្នឹងល្អសម្រាប់យើង?

ដើម្បីអោយសម្រេចចិត្តអោយបានកាន់តែច្បាស់យើងនឹងផ្ដល់ពីគុណសម្បត្តិនិងគុណវិបត្តិថា រៀនភ្លេងខ្លួនឯងល្អអត់?

 

+គុណសម្បត្តិ៖

   -ថវិកា៖ ក្នុងការរៀនភ្លេងដោយខ្លួនឯង គឺយើងមិនចាំបាច់ចំណាយលុយឡើយ ឬបើយើងចង់រៀនតាមអុីនធឺណែតក៍មិនចំណាយលុយច្រើនលើវាដែរ។

   -ពេលណាក៍បាន៖ បើសិនយើងបង្រៀនខ្លួនឯង យើងអាចរៀបចំពេលរៀនពេលណាក៍បានអាស្រ័យលើកាលវិភាគ និងការចង់បានរបស់យើងរៀងៗខ្លួន។ ឧទាហរណ៍ បើសិនជាយើងរវល់ពេញពីរសប្ដាហ៍ អញ្ចឹងយើងអាចរៀបកាលវិភាគនៅពេលដែលយើងទំនេរ ឬក៍ពេលដែលយើងមានអារម្មណ៍ថាចង់រៀនវិញក៍បាន។ គ្មានអ្នកណារអ៊ូដាក់យើងឡើយ។

   -មិនប្រឈមច្រើន៖ បើរៀនដោយខ្លួនឯង យើងមិនចាំបាច់បង្ហាញគេថាខ្លួនឯងលេងភ្លេងខុសយ៉ាងម៉េចខ្លះទេ អញ្ចឹងហើយយើងអត់ខ្មាសគេ។ ចាំបង្ហាញគេ ពេលយើងចេះស្ទាត់ល្អជាង មិនអញ្ចឹង?

 

+គុណវិបត្តិ៖

   -គ្មានអ្នកវិនិច្ឆ័យលើការសិក្សា៖ បើសិនជាយើងធ្វើអោយមានកំហុសអ្វីមួយ តែយើងមិនដឹងខ្លួនឯង អញ្ចឹងយើងធ្វើដូចម្ដេចអាចកែរវាបានបើសិនជាអត់មានគ្រូផង? ជួនកាលយើងអាចដាក់ដៃខុស ឬដាក់ជើងខុសក៍ថាបាន ហើយបើសិនជាយើងអាចដឹងពីកំហុសខ្លួនឯង ប៉ុន្តែវាអាចនឹងត្រូវការរយ:ពេលយូរទម្រាំដឹង។

   -ពន្យាពេល៖ ដោយសារតែអត់មានគ្រូ គ្មានកាលវិភាគច្បាស់លាស់​ អញ្ចឹងយើងចង់រៀនពេលណា៎ ហ្វឹកហាត់ពេលណា៎គឺស្រេចចិត្តយើងទាំងអស់។ អញ្ចឹងហើយការហ្វឹកហាត់ និងរៀនភ្លេងនឹងត្រូវបានពន្យារហូត។

   -អស់ការជំរុញទឹកចិត្ត៖ នៅពេលដែលយើងមានអារម្មណ៍ថារៀនចាប់លែងសូវបាន យូរៗទៅយើងនឹងអស់អារម្មណ៍ក្នុងការហ្វឹកហាត់បន្ត។ បន្ទាប់មកយើងអាចនឹងបោះបង់ចោលក្នុងការរៀនលេងភ្លេង ទោះបីជាយើងដឹងច្បាស់ក្នុងចិត្តថាបើយើងចេះស្ទាត់ នោះយើងនឹងសប្បាយចិត្តប៉ុណ្ណាក៍ដោយ។

 

 


តន្ត្រី គឺជាមុខជំនាញមួយដែលត្រូវបានមិតិមួយចំនួនវាយតម្លៃថាមិនសូវផ្ដល់ផលប្រយោជន៍។ ប៉ុន្តែការគិតនោះពិតដែរឬទេ?

ពីមួយឆ្នាំទៅមួយឆ្នាំ រហូតមកដល់បច្ចុប្បន្នកាលនេះ យើងសង្កេតឃើញថាមានឪពុកម្ដាយវ័យក្មេងមួយចំនួនបានយកកូនៗរបស់ពួកគេមកទទួលការសិក្សាខាងតន្រ្តី ស្របពេលដែលមានមិតិមួយចំនួនបានចោទថា ការយកកូនមកសិក្សាផ្នែកតន្រ្តីគឺជាការបង្ហិនពេលវេលា។

ផ្ទុយទៅវិញ មានការសិក្សាស្រាវជ្រាវជាច្រើនដែលបានបង្ហាញថា ការសិក្សាផ្នែកតន្រ្តីពិតជាមានអត្ថប្រយោជន៍ច្រើនមែនទែន ក្នុងនោះមានដូចជា៖

១. ជួយអោយអ្នកមានការគិតលឿនជាងមុន៖ ការហ្វឹកហាត់លេងឧបករណ៍តន្រ្តីជួយអោយអ្នកមានការចងចាំច្រើនជាមួយទំនុកភ្លេង និងការផ្ដោតអារម្មណ៍បានច្រើន។ លើសពីនេះទៅទៀតវាអាចជួយអ្នកអោយខ្លាំងខាងគណនា និង ដោះស្រាយបញ្ហានាៗបានយ៉ាងប្រសើរ។

២. ជួយអោយអ្នកប្រើប្រាស់អវ:យវ:នៃរាងកាយដូចជាដៃជើងបានប្រសើរជាងមុន៖ ជាមួយនឹងការលេងឧបករណ៍តន្ត្រី វាតម្រូវអោយអ្នកប្រើដៃសងខាង ឬប្រើដៃនិងជើង ដែលជាហេតុធ្វើអោយការប្រើប្រាស់ផ្នែកផ្សេងៗនៃរាងកាយធ្វើដំណើរការដោយរលូន។

៣. សិក្សាតន្រ្តីក៍ដូចជាសិក្សាភាសាផ្សេងទៀតដែរ៖ វាមិនមែនជារឿងងាយទេដែរអ្នកអាចអានអក្សរតន្រ្តីបានដោយរលូន ព្រោះថាជាមួយនឹងសៀវភៅតន្រ្តីដែលមានទំព័រសងខាង ដែលទំព័រខាងឆ្វេងគឺសម្រាប់ដៃឆ្វេង និង ទំព័រខាងស្ដាំសម្រាប់ដៃស្ដាំ។ មិនត្រឹមតែប៉ុណ្ណោះយោងតាមឯកសារមួយបាននិយាយថា ការសិក្សាតន្ត្រីជួយអោយរៀនភាសាផ្សេងទៀត បានល្អជាងមុន។

៤. ជួយអោយមានការជឿរជាក់លើខ្លួនឯង៖ យោងតាមការស្រាវជ្រាវរបស់គេហទំព័រ parenting website បាននិយាយថាការសិក្សាតន្រ្តីជួយបណ្ដុះភាពជឿរជាក់របស់កុមារ។ ដោយការដើរលើឆាក ការសម្លឹងរបស់ទស្សនិកជន និងការទះដៃជាដើម ទាំងនេះធ្វើអោយកុមារចេះប្រឈមមុខនៅទីសាធារណ:។ ចំណុចនេះពិតជាល្អសម្រាប់កុមារនៅប៉ែកអាសុី។

៥. ជួយកាត់បន្ថយភាពតានតឹង៖ ការលេងឧបករណ៍តន្រ្តីប្រៀបដូចជាអ្នកបានបញ្ចេញអារម្មណ៍ និងភាពតានតឹងទៅតាមបទភ្លេង ទាំងនេះហើយទើបគេប្រើបទចម្រៀង ឬបទភ្លេងសម្រាប់រំងាប់អារម្មណ៍តានតឹង។